គ្រឿងស្រវឹង និងសុខភាព
ការពិសាគ្រឿងស្រវឹង ពិសេសស្រាបៀរ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតរបស់យើងក្នុងបរិមាណសមស្រប គឺជាចំណែកមួយក្នុងការផ្ដល់នូវភាពរីករាយសម្រាប់ជីវិតរស់នៅ។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ យើងមានមោទនភាពក្នុងការបេ្ដជ្ញាចិត្តរួមចំណែកលើកកម្ពស់ស្មារតីទទួលខុសត្រូវពេលទទួលទានគ្រឿងស្រវឹង និងការកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹង។ យើងយល់ឃើញថា ការណែនាំ និងផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ជាមុនដល់អតិថិជនអំពីគ្រឿងស្រវឹង ផលិតផលផ្សេងៗរបស់យើង និងរបៀបក្នុងការទទួលទានដោយការទទួលខុសត្រូវ ពិតជាសំខាន់ណាស់។ អាស្រ័យហេតុនេះ យើងតែងតែសង្កត់ធ្ងន់អំពីរឿងនេះជានិច្ចទាំងនៅលើសំបកវេចខ្ចប់ ទាំងក្នុងការផ្សព្វផ្សាយគ្រប់រូបភាព និងតាមរយៈកិច្ចសហការជាមួយដៃគូរបស់យើង។ យើងផ្ដល់ជូននូវជម្រើសដ៏សម្បូរបែបនៃប្រភេទភេសជ្ជៈគ្រឿងស្រវឹងដែលមានកម្រិតជាតិអាល់កុលខុសៗគ្នា (ABV) រួមមានជម្រើសដែលមានជាតិអាល់កុលទាប និងជម្រើសដែលគ្មានជាតិអាកុលសោះកាន់តែច្រើន។
ការទទួលទានគ្រឿងស្រវឹង ជាជម្រើសរបស់បុគ្គលម្នាក់ៗ។ ដូចនេះមុននឹងទទួលទាន លោកអ្នកគប្បីពិចារណាឱ្យបានច្បាស់លាស់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់វាជាមុនសិន ។ គ្រឿងស្រវឹងមានផលប៉ះពាល់ទៅដល់សុខភាពរបស់បុគ្គលម្នាក់ៗខុសៗគ្នា។ យោងទៅតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានគ្រឿងស្រវឹងទៅនឹងបញ្ហាសុខភាពមួយចំនួន។ ក្នុងករណីខ្លះបើទោះបីជាបុគ្គលខ្លះទទួលទានគ្រឿងស្រវឹងក្នុងបរិមាណតិចតួច ក៏អាចបង្កជាបញ្ហាដល់សុខភាពមួយចំនួនដូចជា បញ្ហាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួន។ ប្រសិនបើលោកអ្នកមានចម្ងល់បន្ថែមទាក់ទងនឹងបញ្ហាសុខភាព សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់លោកអ្នក។
ការទទួលទានគ្រឿងស្រវឹងហួសប្រមាណអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពយូរអង្វែង ដូចជារាងកាយត្រូវការគ្រឿងស្រវឹងជាប្រចាំ និងការញៀនគ្រឿងស្រវឹងជាដើម ដែលជាប្រការត្រូវចៀសវាង។ បុគ្គលដែលមិនគួរទទួលទានគ្រឿងស្រវឹងរួមមាន៖ អ្នកដែលមានអាយុក្រោម18ឆ្នាំ ស្រ្តីមានផ្ទៃពោះ អ្នកដែលត្រូវបើកបរ ឬបញ្ជាគ្រឿងម៉ាសុីនផ្សេងៗ ឬអ្នកមិនអាចគ្រប់គ្រងការទទួលទានរបស់ខ្លួនឯងបាន។
ស្ថាប័នរដ្ឋាភិបាលជាច្រើនបានចេញផ្សព្វផ្សាយអំពីគោលការណ៍ណែនាំលើការទទួលទានគ្រឿងស្រវឹងដល់អ្នកទទួលទានដើម្បីជាឯកសារយោង។ ចំណែកអាជ្ញាធរទទួលបន្ទុកផ្នែកសុខភាពសាធារណៈ ក៏បានផ្ដល់នូវប្រភពព័ត៌មានដ៏ល្អអំពីបញ្ហាសុខភាពដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹងផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងស្រវឹង និងសុខភាព យើងសូមណែនាំនូវប្រភពព័ត៌មានសំខាន់ៗដូចខាងក្រោម៖
World Health Organization (WHO)
Knowledge Institute of Beer (KIB)
National Institute on Alcohol Abuse and Alcoholism (NIAAA)
NHS Choices
International Alliance For Responsible Drinking (IARD)
ការផ្សព្វផ្សាយទីផ្សារផលិតផលប្រកបដោយការទទួលខុសត្រូវ
ក្រុមហ៊ុន THE HEINEKEN បានដាក់ចេញនូវគោលការណ៍ផ្សព្វផ្សាយទីផ្សាររបស់ខ្លួនដោយណែនាំដល់បុគ្គលិកយើងទាំងអស់ដែលបម្រើការងារក្នុងផ្នែកផ្សព្វផ្សាយទីផ្សារ និងផ្នែកលក់ មិនឱ្យផ្សព្វផ្សាយ ចែកចាយ ឬលើកទឹកចិត្តឲ្យអតិថិជនទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត ឬខុសច្បាប់នោះទេ។ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងស្រាបៀរ ឬគ្រឿងស្រវឹង យើងតែងអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រទេស និងតំបន់នីមួយៗយ៉ាងម៉ឺងម៉ាត់។ ជាក់ស្ដែងយើងផ្សព្វផ្សាយពាណិជ្ជកម្មតែនៅតំបន់ណាដែលមានអតិថិជនអាយុលើសពី១៨ឆ្នាំ យ៉ាងតិច ៧០% ឬក្នុងប្រទេសមួយចំនួនដែលបានកំណត់ថាអ្នកមានអាយុលើសពី១៨ឆ្នាំទើបអាចមានសិទ្ធិអាចទិញគ្រឿងស្រវឹងបាន។ នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព យើងបង្ហាញ និងជ្រើសយកតែនីតិជនដែលមានអាយុចាប់ពី ២៥ឆ្នាំឡើងទៅប៉ុណ្ណោះដើម្បីសម្ដែង។ ម្យ៉ាងទៀត យើងមិនណែនាំឲ្យអតិថិជនចាត់ទុកថាគ្រឿងស្រវឹងជាគន្លឹះនៃភាពជោគជ័យក្នុងទំនាក់ទំនងសង្គម ឬជីវិតផ្លូវភេទឡើយ។
យើងកំណត់យ៉ាងច្បាស់លាស់រាល់សារទំនាក់ទំនងក្នុងការផ្សព្វផ្សាយទាំងអស់របស់ក្រុមហ៊ុន ជាសកម្មភាពអនុវត្តដើម្បីផ្សព្វផ្សាយផលិតផលលើទីផ្សារ (ផលិតផលគ្រឿងស្រវឹង និងផលិតផលភេសជ្ជៈគ្មានជាតិអាល់កុល) ដែលក្នុងនោះមានដូចជា៖ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ឈ្មោះម៉ាកផលិតផលនីមួយៗ ព័ត៌មានរៀបរាប់ពីផលិតផល ស្លាក និងសំបកវេចខ្ចប់ផ្សេងៗ ការផ្សព្វផ្សាយតាមរយៈទូរស័ព្ទ និងឌីជីថល កម្មវិធីឧបត្ថម្ភផ្សេងៗ ការដាក់តាំងផលិតផល កម្មវិធីផ្ដល់ជូនពិសេស (ផ្ទាល់ និងមិនផ្ទាល់) និងសម្ភារៈផ្សព្វផ្សាយបម្រើដល់ផ្នែកលក់ផ្សេងៗ។
ក្នុងនាមជាក្រុមហ៊ុនមួយដែលឈានមុខគេ យើងអនុវត្តនូវវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់មួយដើម្បីជំរុញលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះគ្រឿងស្រវឹង និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ហិង្សា និងការបំពានដោយសារគ្រឿងស្រវឹង។ តាមរយៈសកម្មភាពទាំងនេះ យើងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់ការកាត់បន្ថយចំពោះការទទួលទានគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ។
បុគ្គលិកក្នុងនាមតំណាងផលិតផលយើងតែងតែណែនាំ និងលើកទឹកចិត្តឱ្យបុគ្គលិកក្លាយជាអ្នកតំណាងផលិតផលសម្រាប់ការទទួលខុសត្រូវលើការទទួលទានគ្រឿងស្រវឹង និងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវផ្ទាល់ខ្លួនពេលទទួលទានគ្រឿងស្រវឹងផងដែរ។ ៩ ក្រុមហ៊ុន THE HEINEKEN បានអនុវត្តនៅទូទាំងពិភពលោកនូវគោលការណ៍ Cool@Work ដែលជាកម្មវិធីទប់ស្កាត់ និងផ្ដល់ជូនព័ត៌មានពីគ្រឿងស្រវឹងនៅកន្លែងការងារ។ គោលការណ៍នេះត្រូវបានធ្វើឡើងក្នុងបំណងពង្រឹងសុវត្ថិភាព និងសុខភាពបុគ្គលិកនៅកន្លែងធ្វើការ ជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងបង្កើនការយល់ដឹង ការប្ដេជ្ញាចិត្ត និងភាពជាអ្នកតំណាងឱ្យផលិតផលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលិកគ្រប់រូប។
បុគ្គលិកទាំងអស់ត្រូវបានចែកចេញទៅជា ៣ក្រុម ដែលក្រុមនីមួយៗមានភារៈទទួលព័ត៌មាន និងគោលដៅគាំទ្រដូចខាងក្រោម៖
ពណ៌បៃតង៖ ភាគច្រើនជាអ្នកដែលទទួលទានគ្រឿងស្រវឹងក្នុងបរិមាណសមល្មម និងប្រកបដោយស្មារតីទទួលខុសត្រូវ
ពណ៌មាស៖ ជាអ្នកដែលប្រឈមខ្ពស់ទៅនឹងបញ្ហាគ្រឿងស្រវឹងដោយសារសកម្មភាព និងចរិតលក្ខណៈការងារ
ពណ៌ក្រហម៖ បុគ្គលដែលមានបញ្ហាសុខភាព ឬបញ្ហាទូទៅដោយសារការទទួលទានគ្រឿងស្រវឹង
ក្រុមហ៊ុន THE HEINEKEN ទាំងអស់ទូទាំងពិភពលោកតែងតែមានការណែនាំ និងការហ្វឹកហាត់សម្រាប់បុគ្គលិកជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រើប្រាស់គំរូ និងវិធីសាស្រ្តផ្សេងៗដើម្បីបំពេញតម្រូវការរបស់ទីផ្សារឱ្យបានសមស្រប។
កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម
វិស័យឧស្សាហកម្ម គឺជាដៃគូដ៏មានតម្លៃក្នុងការលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង។ កិច្ចសហការគ្នារវាងក្រុមហ៊ុនផលិតភេសជ្ជៈ និងគ្រឿងស្រវឹងនានាកាន់តែច្រើន នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលដើម្បីដោះស្រាយនូវបញ្ហានានាដែលទាក់ទងនឹងគ្រឿងស្រវឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាងសកម្មភាពអនុវត្តដោយក្រុមហ៊ុននីមួយៗតែឯង។ ក្រុមហ៊ុនឧស្សាហកម្មធំៗ រាជរដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល អតិថិជន កងកម្លាំងសមត្ថកិច្ច នីតិករ(អ្នកអនុម័តច្បាប់) អាជីវករ ម្ចាស់ភោជនីយដ្ឋាននិងបារ និងក្រុមសហគមន៍នានា គឺសុទ្ធតែដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតីទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។
យើងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹងគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងលំដាប់ពិភពលោក (Worldewide Brewing Alliance) លំដាប់តំបន់ (ឧទា. Brewers of Europe) និងកិច្ចសហការក្នុងទីផ្សារជាច្រើនទៀតដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង។ ក្រៅពីនេះ យើងក៏មានកិច្ចសហការគ្នាជាមួយក្រុមហ៊ុនក្នុងវិស័យគ្រឿងស្រវឹងធំៗលំដាប់ពិភពលោកដូចជា International Center for Alcohol Policies និងទីផ្សារជាច្រើនទៀតដូចជា Portman Group នៅចក្រភពអង់គ្លេសជាដើម។
កិច្ចសហប្រតិបត្តិការជាដៃគូអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានទទួលស្គាល់ថាក្រុមហ៊ុនផលិតគ្រឿងស្រវឹងអាចមានឥទ្ធិពលខ្លាំងក្នុងការកាត់បន្ថយផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងស្រវឹង ដូច្នេះហើយយើងនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហការជាមួយក្រុមហ៊ុនជាដៃគូដទៃទៀតដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវពេលទទួលទានគ្រឿងស្រវឹងឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះ យើងកំពុងមានកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលជាច្រើនរួមជាមួយនឹងស្ថាប័នផ្សេងៗដទៃទៀតដើម្បីដោះស្រាយនូវបញ្ហាខុសៗគ្នាទាំងអស់ដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹង។